ការប្រកួតនៅក្របខណ្ឌកំពូល Ligue1 របស់បារាំងសម្រាប់សប្តាហ៏ទី៣១ ក្រុមភ្ញៀវ PSG បានផ្តួលក្រុមម្ចាស់ផ្ទះ Nice ដោយ លទ្ធផល ២:១។ ក្រុមម្ចាស់ផ្ទះ Nice មានឪកាសរកបានគ្រាប់បាល់ នាំមុខមុនដោយកីឡាករ Allan Saint-Maximin នៅនាទីទី១៧ ប៉ុន្តែ ៤នាទីក្រោយមក អតីតខ្សែបម្រើ Real Madrid និង Man.United កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Angel Di Maria មានឪកាស រកបានគ្រាប់បាល់តាមស្មើវិញ នៅនាទីទី២១ និង មុនបញ្ចប់តង់ទី១។
ការប្រកួតចូលដល់តង់ទី២ អតីតខ្សែប្រយុទ្ធក្រុមAC.Milan,Man.City,Liverpool កីឡាករ Balotteli បានខិតខំប្រឹងប្រែងលេងយ៉ាងខ្លាំងប៉ុន្តែមិនបានទទួលលទ្ធផលជាផ្លែផ្កា ខណៈនៅនាទីទី៨២ ខ្សែការរស្តាំសញ្ជាតិប្រេស៊ីល Dani Alves មានឪកាសតែតបញ្ចូលទីអោយក្រុម PSG និងជាគ្រាប់បាល់ជ័យជំនះផងដែរ ក្រោយការបញ្ជូនបាល់ពីខ្សែបម្រើបារាំង Adrien Rabiot។
ក្រុម PSG ស្ថិតយ៉ាងប្រកៀកក្នុងការលើកពានកំពូល Ligue១ របស់បារាំង ក្រោយពីបានឈ្នះពាននេះ ៤សម័យកាលជាប់គ្នា និងបានខកខាននៅរដូវកាលមុន(២០១៦-២០១៧) ក្រោយបញ្ចប់នៅលេខរៀងទី២បន្ទាប់ពីក្រុម Monaco។បច្ចុប្បន្ន PSG នៅបន្តកាន់កាប់ទីកំពូលតារាង ដោយមានគម្លាត១៧ពិន្ទុ ពីក្រុមជើងឯកចាស់ Monaco ខណៈការប្រកួតនៅសល់៧ប្រកួតសម្រាប់ពួកគេ ខណៈក្រុម Monaco មាន៨ប្រកួតទៀត មុនបញ្ចប់រដូវកាល។