ក្លិប Fiorentina របស់ក្របខ័ណ្ឌ Serie A បានប្រកាសថា ទីលានហ្វឹកហាត់របស់ពួកគេ នឹងត្រូវប្តូរឈ្មោះ ដើម្បីរំឭកដល់អតីតប្រធានក្រុម Davide Astori ដែលបានស្លាប់ក្នុងវ័យ ៣១ឆ្នាំ កាលពីដើមខែនេះ។

ខ្សែការពារអន្តរជាតិអ៊ីតាលីរូបនេះ បានស្លាប់ភ្លាមៗ ក្នុងបន្ទប់សណ្ឋាគាររបស់គេ នៅមុនពេលការប្រកួតនៅលើទឹកដីក្រុម Udinese កាលពីថ្ងៃទី៤ ខែមីនា។ ទីលានហ្វឹករបស់ក្លិប Fiorentina នឹងត្រូវប្តូរឈ្មោះទៅជា Centro Sportivo Davide Astori។ លោក Mario Cognini ប្រធានក្លិប Fiorentina បានឲ្យដឹងថា៖ «យើងបានធ្វើការសម្រេចចិត្តបែបនេះពីព្រោះទីនោះគឺជាផ្ទះរបស់គេ។ រូបគេបានទៅកាន់ទីនោះជារៀងរាល់ថ្ងៃដើម្បីហ្វឹកហាត់ និងធ្លាប់ប្រើប្រាស់ពេលវេលានៅទីនោះជាមួយនឹងក្រុមគ្រួសាររបស់ផងដែរ។ យើងជឿជាក់ថា ការផ្តល់កិត្តិយសដល់រូបគេតាមរបៀបនេះ គឺជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ»។

អាវលេខ១៣របស់ Astori ត្រូវបានដកទុកដោយក្លិបនេះ ដែលជាកន្លែងរូបគេបានចំណាយពេលលេងអស់រយៈពេល ៣ឆ្នាំ។ ខ្សែការពារកណ្តាលរូបនេះ បានអភិវឌ្ឍតាមរយះប្រព័ន្ធយុវជនរបស់ក្លិប AC Milan នៅមុនពេលចំណាយពេល ៨ឆ្នាំនៅឯក្លិប Cagliari ស្របពេលដែលរូបគេក៏បានលេងជាកីឡាករកម្ចីនៅឯក្លិប Roma ផងដែរ៕

ប្រភព៖ worldsoccertalk