លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United «មិនអាចរីករាយ» ជាមួយនឹងស្ថានភាពនាពេលបច្ចុប្បន្នរបស់គេនៅឯកីឡដ្ឋាន Old Trafford ឡើយ។

Pogba បានស្ថិតជាកីឡាករបម្រុងដែលមិនអាចចូលលេងក្នុងពេលក្រុម Man United យកឈ្នះលើក្រុម Brighton ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃសៅរ៍ ក្រោយពីត្រូវបានលុបឈ្មោះចេញពីជម្រើសទាំង ១១នាក់ដំបូង នៅពេលដែលក្រុមរបស់លោក Jose Mourinho បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Sevilla។ ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ កំពុងតែជាមួយនឹងក្រុមជម្រើសជាតិបារាំងរបស់លោក Deschamps នៅមុនពេលការប្រកួតមិត្តភាពកម្តៅសាច់ដុំសម្រាប់ World Cup របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី និងរុស្ស៊ី។

លោក Deschamps បានឲ្យដឹងថា៖ «ខ្ញុំមិនបានពិភាក្សាជាមួយនឹង Paul ឡើយ ខ្ញុំប្រាកដចិត្តថា ខ្ញុំនឹងដឹងកាន់តែច្បាស់ពីបញ្ហានេះ។ ប៉ុន្តែ ពិតណាស់ នេះមិនមែនជាស្ថានភាពដែលរូបគេកំពុងងតែរីករាយទៅនឹងរាល់អ្វីៗដែលរូបគេបានធ្វើឡើយ។ រូបគេមិនអាចរីករាយជាមួយនឹងអ្វីដែលគេនឹងធ្វើនៅពេលនេះជាមួយនឹងក្លិបនេះឡើយ»។

Pogba បានចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូងត្រឹមតែ ២៤ប្រកួតប៉ុណ្ណោះសម្រាប់ Man United នៅរដូវកាលនេះ ខណៈដែលលោក Mourinho ពេញចិត្តក្នុងការប្រើប្រាស់ Marouane Fellaini និងកីឡាករវ័យក្មេង Scott McTominay ជាងការប្រើប្រាស់អតីតកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

ប្រភព៖ worldsoccertalk