លោក Gianfranco Zola មានជំនឿថាគ្រូបង្វឹកលោក Antonio Conte គឺនៅតែជាជម្រើសដ៏ល្អបំផុតដើម្បីដឹកនាំក្រុមតោខៀវ Chelsea ខណៈក្រុម និងអ្នកគាំទ្ររំពឹងទុកថាក្រុមតោខៀវអាចផ្លាស់ប្តូរគ្រូបង្វឹកនៅរដូវក្តៅនេះ មួយឆ្នាំមុនពេលបញ្ចប់កិច្ចសន្យារបស់គាត់អស់សុពលភាព។ លោក Conte បានដឹកនាំក្រុមតោខៀវ Chelsea លើកពានក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលដំបូង(២០១៦-២០១៧) របស់ខ្លួននៅកីឡាដ្ឋាន Stamford Bridge ប៉ុន្តែសម្រាប់រដូវកាល ២០១៧-២០១៨ ការដឹកនាំ របស់អតីតគ្រូបង្វឹក និងជាកីឡាករ Juventus រូបនេះ ហាក់ជួបឧបសគ្គ និងផលវិបាកមួយចំនួន ។
ប៉ុន្តែអតីតខ្សែបម្រើ-ប្រយុទ្ធ ក្រុមតោខៀវ Zola ជឿជាក់ថា Conte នៅតែជាអ្នកចាត់ការល្អបំផុតដើម្បីដឹកនាំក្លឹបនាពេលបច្ចុប្បន្ន និងអនាគត។ អតីតគ្រូបង្វឹកក្រុម West Ham សញ្ជាតិអ៊ីតាលី Zola បានប្រាប់ BBC ថាៈ គាត់គឺជាអ្នកឈ្នះហើយតែងតែដូចនោះតាំងពីគាត់ជាអ្នកលេង។ គាត់ចង់អោយក្រុមទទួលជោគជ័យនៅអ្វីដែលគាត់បានចូលមកត្រួសត្រាយផ្លូវសម្រាប់ក្រុម និងកីឡាករ ប៉ុន្តែពេលខ្លះ គាត់មិនអាចលាក់ការខកចិត្តរបស់គាត់បានទេ។ ខ្ញុំនៅតែយល់ថាគាត់គឺជាអ្នកចាត់ការទូទៅល្អបំផុតសម្រាប់ Chelsea និងជាគ្រូបង្វឹកដ៏ល្អដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅទីនេះ។ មានបញ្ហាមួយចំនួនបានកើតឡើង ប៉ុន្តែសង្ឃឹមថាពួកគេនឹងដោះស្រាយបញ្ហាទាំងនោះបាន។
Chelsea ត្រូវបានសារពត៌មានចុះផ្សាយក្នុងជម្រើសនាំយកគ្រូបង្វឹកផ្សេងទៀតមកដឹកនាំក្រុម មានដូចជាៈ ១.អតីតគ្រូបង្វឹករបស់ក្លឹប Barcelona លោក Luis Enrique, ២.អតីតគ្រូបង្វឹកក្រុម Bayern Munich និង Real Madrid, ៣.លោក Carlo Ancelotti, ៤.អតីតគ្រូបង្វឹកក្រុម Borussia Dortmund លោក Thomas Tuchel, ៥.អតីតគ្រូបង្វឹកក្រុម Liverpoolបច្ចុប្បន្នកំពុងដឹកនាំក្រុម Celtic លោក Brendan Rodgers, ៦.លោក Marco Silva, ៧. គ្រូបង្វឹកក្រុម Juventus លោក Max Allegri និងគ្រូបង្វឹក Napoli លោក Maurizio Sarri ក៏ត្រូវបានទាក់ទងដើម្បីមកដឹកនាំក្រុមជមនួសលោក Conte ផងដែរ ។
ប្រភព៖ metro