អតីតអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ និងប្រេស៊ីល លោក Luiz Felipe Scolari កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo សួរនាំខ្លួនច្រើនអំពីប្រទេសចិន។
លោក Scolari បានប្រាប់សារព័ត៌មាន Esporte Interativo៖ “កីឡាករដែលសួរនាំខ្ញុំច្រើនទាក់ទងនឹងស្ថានភាពជីវិតនៅប្រទេសចិនគឺ Cristiano Ronaldo នេះឯង។ ដូច្នេះរឿងអីដែលថា គេមិនអាចមកលេងនៅចិននោះ។”
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានបង្ហើបទៀតថា ខ្លួនបានណែនាំរឿងច្រើនទាក់ទិនប្រទេសអាស៊ីមួយនេះ ទៅ Ronaldo។ លោក Scolari ថែមទាំងពន្យល់ទៀតថា ខ្សែប្រយុទ្ធ Ronaldo មានកេរ្តិ៍ឈ្មោះល្បី និងមានមុខជំនួញធំ ខណៈប្រទេសចិនជាមួយក្នុងចំណោមប្រទេសដ៏ធំលើលោក ដូច្នេះបើមានឱកាសមកលេងបាល់នៅចិន កីឡាករព័រទុយហ្គាល់គួរតែមក។
សូមបញ្ជាក់ផងដែរថា លោក Scolari ធ្លាប់ដឹកនាំ Ronaldo កាលនៅជាគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ (២០០៣-២០០៨)។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល ធ្លាប់ដឹកនាំក្លឹបចិន Guangzhou Evergrande ពីឆ្នាំ ២០១៥ ដល់ ២០១៧។
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Cristiano Ronaldo នៅតែបង្ហាញទម្រង់លេងមុខទីល្អរបស់ខ្លួនក្នុងរដូវកាលនេះ។ គិតមកទល់ពេលនេះ កីឡាករស៊ុតចូល ៣៧ គ្រាប់ក្នុង ៣៥ ប្រកួត (គ្រប់កម្មវិធីទាំងអស់)។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ ជាប់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១៕
By: Sabay