កីឡាករបាល់ទាត់ទូទាំងពិភពលោក បច្ចុប្បន្នកំពុងតែស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន និងកំពុងតែត្រៀមលក្ខណៈសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅមុនពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏មិនខុសពីកីឡាករ និងក្រុមផ្សេងផងដែរ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប និងហូឡង់ នៅចុងសប្តាហ៍នេះ ហើយ Ronaldo របស់ក្លិប Real Madrid បានពន្យល់ថា រូបគេនៅតែចាត់ទុកថា ជាកិត្តិយសមួយក្នុងការពាក់អាវក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធរូបនេះបាននិយាយក្នុងការសម្ភាសមួយថា៖ «នៅពេលដែលអ្នកលេងឲ្យប្រទេសរបស់អ្នក អ្នកចង់ឈ្នះ និងការពារពណ៌របស់អ្នក ហើយនៅពេលដែលខ្ញុំលេងឲ្យក្រុមព័រទុយហ្គាល់ ខ្ញុំមានអារម្មណ៍រីករាយ ហើយខ្ញុំមានអារម្មណ៍ល្អ។ ក្រុមគ្រួសារទាំងមូលរបស់ខ្ញុំ និងមិត្តភ័ក្តិ គឺជាព័រទុយហ្គាល់ និងឫស្សគល់របស់ខ្ញុំគឺស្ថិតនៅទីនោះ»។

Ronaldo បានបន្ថែមទៀតថា៖ «ការក្លាយជាប្រធានក្រុមនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ធ្វើឲ្យខ្ញុំមានមោទនភាព។ ពិតណាស់ វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាអ្នកដឹកនាំម្នាក់ក្នុងក្រុមនេះ។ ក្នុងក្រុម ខ្ញុំជាកីឡាករចាស់ជាងគេ ជាកីឡាករដែលបានបង្ហាញជាអន្តរជាតិច្រើនជាងគេ និងជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ»។ Ronaldo ក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុន Nike សម្រាប់ការផ្តល់ស្បែកជើងថ្មីចុងក្រោយបំផុតរបស់គេសម្រាប់អាជីពជាអន្តរជាតិរបស់គេ ហើយរូបគេក៏បានសម្តែងនូវមោទភាពផងដែរសម្រាប់ការទទួលបានរហស្សនាមថ្មីក្នុងក្រុមជម្រើសជាតិគឺ «El Comandante» ដែលមានន័យថា ជាអ្នកដឹកនាំផងដែរ៕

ប្រភព៖ Channel News Asia