ខ្សែប្រយុទ្ធ Lionel Messi បានចូលរួមជាមួយនឹងក្រុមមិត្តក្រុមអាហ្សង់ទីនរបស់គេ កាលពីថ្ងៃអង្គារ ខណៈដែលពួកគេបានធ្វើការហ្វឹកហាត់នៅកីឡដ្ឋានរបស់ក្លិប Manchester City នៅមុនពេលការប្រកួតកម្តៅសាច់ដុំសម្រាប់យុទ្ធនាការ World Cup របស់ពួកគេ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី។
ក្រុមរបស់ Messi កំពុងតែដាក់ជំរំហ្វឹកហាត់នៅឯសាលាថ្នាល Football Academy របស់ក្លិប Man City នៃក្របខ័ណ្ឌ Premier League ស្របពេលដែលពួកគេត្រៀមសម្រាប់ការប្រកួតមិត្តភាពកីឡដ្ឋាន Eastlands នាថ្ងៃសុក្រនេះ។ ខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះ បានធ្វើដំណើរទៅធ្វើការហ្វឹកហាត់ជាមួយនឹងសមាជិករបស់ក្រុមខ្លួន កាលពីថ្ងៃអង្គារ និងបានបង្ហាញខ្លួនក្នុងវគ្គហ្វឹកហាត់ដោយបើកចំហរមួយពីមុខអ្នកយកព័ត៌មាន នៅរសៀលថ្ងៃដដែលនោះ។
ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Man City ក៏មានវត្តមានផងដែរ ប៉ុន្តែមិនបានចូលរួមហ្វឹកហាត់ឡើយ ដោយសារតែរូបគេកំពុងតែមានបញ្ហារបួសជង្គង់នាពេលថ្មីៗនេះ។ កីឡាកររបស់ក្លិប Man City ម្នាក់ទៀត គឺខ្សែការពារ Nicolas Otamendi ក៏បានចូលរួមជាមួយនឹងសមាជិកក្រុមអាហ្សង់ទីនផ្សេងទៀតផងដែរ ក្នុងនោះរាប់បញ្ចូលទាំង Gonzalo Higuain, Angel Di Maria, Javier Mascherano និង Marcos Rojo៕
ប្រភព៖ Daily Mail