អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Pep Guadiola បានសាងភាពល្បីល្បាញដោយបានអភិវឌ្ឃខ្លួនពីជំនួយការគ្រូបង្វឹក រហូតក្លាយជាគ្រូបង្វឹកដ៏ឆ្នើមបំផុត ម្នាក់នៅលើពិភពលោក ក្រោយពីបានបង្វឹកក្រុម Barcelona, Bayern Munich, និងបច្ចុប្បន្នក្រុម Man.City។ ប៉ុន្តែគួបផ្សំនិងការទទួលបាន ជោគជ័យលើវិស័យកីឡាដ៏ពេញនិយមមួយនេះ តម្រូវអោយលោកបានព្យាយាមបណ្តុះបណ្តាលកូនក្រុម ដើម្បីអោយពួកគេបានក្លាយជាកីឡាករដែលពោរពេញទៅដោយបទពិសោធន៏ និងចំណេះដឹងគួបផ្សំនិងទេពកោសល្យរបស់ពួកគេពីកំណើតផងដែរ។
ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់ទាំង ៧រូបដែលបានរីកចំរើនលូតលាស់ និងអភិវឌ្ឍខ្លួនជាកីឡាករលំដាប់ ថ្នាក់ពិភពលោកនាពេលបច្ចុប្បន្ន ក្រោមការបង្វឹក និងដឹកនាំពីសំណាក់អ្នកចាត់ការទូទៅវ័យ ៤៧ឆ្នាំរូបនេ៖
១.Gerard Pique
ស្វាមីតារាងចម្រៀង Pop សញ្ជាតិកូឡុំប៊ីនាង Shakira ក្នុងរយៈពេលបួនឆ្នាំ(២០០៤-២០០៨)ធ្លាប់បានចំណាយពេលលេងអោយក្រុម Man United ប៉ុន្តែមិនអាចអោយលោក Sir Alex Ferguson ឱជឿជាក់លើតម្លៃខ្លួនរបស់គាត់ឡើយ ហើយទម្រង់លេងរបស់ខ្សែការពារកណ្តាលរូបនេះបានបង្ហាញចំណាប់អារម្មណ៏ កើតឡើងក្នុងកំឡុងពេលលេងក្នុងលក្ខ័ណ្ឌខ្ចីជើងជាមួយ Real Zaragoza ក្នុងរយៈពេល ១រដូវកាល(២០០៦-២០០៧) ។
លោក Guardiola បានធ្វើឱ្យរូបគេក្លាយជាកីឡាករឆ្នើមម្នាក់ដើរតួនាទីជាខ្សែការពារកណ្តាលនៅក្នុងក្រុម Barcelona។ ដោយចាប់ដៃគូជាមួយកីឡាករជើងចាស់ Carles Puyol បច្ចុប្បន្នរូបគេបានចូលនិវត្តន៏ទៅហើយ។
២.Thiago Alcantara
គ្រូបង្វឹក Guardiola បានយក Alcantara ពីក្លឹប Barcelona ទៅ Bayern Munich នៅឆ្នាំ២០១៣ និងបានបណ្តុះបណ្តាល អោយ Alcantara ដើរតាមគន្លងរាមច្បង គឺខ្សែបម្រើអេស្បាញ Xavi Hernandez ដូច្នេះដែរ។ បច្ចុប្បន្នកីឡាករដើមកំណើតអ៊ីតាលីវ័យ ២៦ឆ្នាំ តែបានចូលសញ្ជាតិអេស្បាញរូបនេះបានអភិវឌ្ឍក្លាយជាកីឡាករឆ្នើមមួយរូបរបស់ Bayern Munich នាពេលបច្ចុប្បន្ន។
3.Raheem Sterling
ខ្សែបម្រើស្លាបអង់គ្លេសរបស់ក្រុមមេឃខៀវ Man.City រូបនេះត្រូវបានក្រុម Guardiola ទិញយកពីហង្សក្រហម Liverpool ក្នុងតម្លៃ ៤៩ លានផោន។
កីឡាករថ្នាលយុវជនវ័យ២៤ឆ្នាំរូបនេះ បានសាងភាពល្បីល្បាញនៅកីឡាដ្ឋាន Etihad រយៈពេលពីរបីខែដំបូងសម្រាប់រដូវកាល(២០១៦-២០១៧) និងរដូវកាលថ្មី(២០១៧-២០១៨)ក្រោមការបង្វឹករបស់លោក Pep បានធ្វើឱ្យគាត់ក្លាយជាកីឡាករខ្សែបម្រើដ៏មានឥទ្ធិពលបំផុត និងបានរួមចំណែកជួយអោយក្រុម Man.City កំពុងឈរនៅទីកំពូលតារាង ហើយស្ថិតយ៉ាងប្រកៀតក្នុងការលើកពានកំពូលអង់គ្លេស Premier League លើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមខណៈការប្រកួតនៅសល់ ៨ប្រកួតទៀត និងត្រូវបិទរដូវកាល(២០១៧-២០១៨)នោះ។
៤.David Alaba
David Alaba គឺជាកីឡាករដ៏ល្អម្នាក់ដែលបានបង្ហាញទេពកោសល្យមុនពេលលោក Guardiola ចូលមកដឹកនាំក្រុម Bayern Munich នៅឆ្នាំ២០១៣មកម្លេះ។ ខ្សែបម្រើសញ្ជាតិអូទ្រីសវ័យ ២៥ឆ្នាំរូបនេះបានសាងភាពល្បីល្បាញក្រោយពេលអ្នកចាត់ការទូទៅចាស់វស្សាលោក Jupp Heynckes បានចាកចេញពីក្រុម នាឆ្នាំ២០១៣ ប៉ុន្តែគាត់បានអភិវឌ្ឍទម្រង់លេងដល់កម្រិតថ្មីមួយល្អបំផុត នៅពេលដែលអ្នកចាត់ការទូទៅមកពីតំបន់ កាតាឡាន់រូបនេះចូលមកទទួលបន្ទុកដឹកនាំក្រុម ជាមួយការបង្ហាញសមត្ថភាពមិនធ្លាក់ចុះទម្រង់លេងរហូតពេលបច្ចុប្បន្ននេះ ទោះបីលោក Pep បានចាកចេញទៅដឹកនាំក្រុម Man.City នៅឆ្នាំ២០១៦ ក៏ដោយចុះ។
៥.Pedro
ខ្សែបម្រើស្លាបជំនាញស៊ុតពីចំងាយបានអភិវឌ្ឍទម្រង់លេងចេញពីថ្នាលយុវជនក្រុម Barcelona B ហើយបានបង្ហាញខ្លួនអោយក្រុម Barcelona ឈុតធំនៅចន្លោះឆ្នាំ(២០០៨-២០១៥)បានបង្ហាញទម្រង់លេងល្អបំផុតកំលុង ពេលលេងក្រោមការដឹកនាំរបស់លោក Pep Guadiola មុនពេលផ្ទេរទៅចូលរួមជាមួយក្រុម Chelsea នៅឆ្នាំ២០១៥។
៦.John Stones
ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសវ័យ ២៤ឆ្នាំធ្លាប់ចំណាយពេលលេងអោយក្រុម Everton ចន្លោះឆ្នាំ ២០១៣-២០១៦ មុនពេលផ្ទេរមកចូលរួមជាមួយក្រុមមេឃខៀវ Man.City។ អ្នកចាត់ការទូទៅ លោក Pep Guadiola បានហ្វឹកហាត់និងបណ្តុះបណ្តាល Stone អោយក្លាយជាខ្សែការពារដ៏រឹងមាំម្នាក់នាពេលបច្ចុប្បន្ន និងជាសមាជិកដែលបានជួយក្រុមឈរនៅទីកំពូលតារាង Premier League រដូវកាល ២០១៧-២០១៨នេះ។ ជាមួយសមត្ថភាពស្រដៀងគ្នានឹងកីឡាករ Pique លោក Guadiola បានបណ្តុះបណ្តាលដល់ Stone អោយមានភាពវ័យឆ្លាត និងកំពុងជាកីឡាករដែលមានសមត្ថភាពមួយរូបនាពេលបច្ចុប្បន្ននេះ។
៧.Lionel Messi
Messi កីឡាករក្រុមជម្រើសជាតិសញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ ៣០ឆ្នាំបានអភិវឌ្ឍសមត្ថភាពលេងក្លាយជាតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកគិតចាប់តាំងពីបង្ហាញខ្លួនអោយក្រុម Barcelona នៅឆ្នាំ២០០៤។ ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona ពាក់ស្លាកលេខ ១០ រូបនេះ មានសមត្ថភាពពិសេសជាមួយការបណ្តើរបាល់ នឹងស៊ុតបញ្ចូលទីដោយជើងឆ្វេងរបស់គាត់។ ប៉ុន្តែក្នុងជំនាន់លោក Guardiola បានដឹកនាំក្រុម Messi បានទទួលការបង្រៀន និងហ្វឹកហាត់កាន់តែមានប្រសិទ្ធិភាព ជាមួយនិស្ស័យពីកំនើត នាំអោយរូបគេបានទទួលជោគជ័យ និងសាងភាពល្បីល្បាញបំផុតលើពិភពលោកអោយក្រុមរយៈពេលជាង ២ទសវត្សចុងក្រោយនេះ។
ប្រភព៖ dreamteamfc