ក្រុមរដ្ឋអាជ្ញារបស់អេស្ប៉ាញ បានអំពាវនាវឲ្យធ្វើការកាត់ទោស Xabi Alonso ដាក់គុករយៈពេល ៥ឆ្នាំ ក្រោយពីអតីតខ្សែបម្រើរបស់ក្លិប Real Madrid និង Liverpool រូបនេះ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធ។

ការិយាល័យរដ្ឋអាជ្ញាក្នុងទីក្រុងម៉ាឌ្រីដ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងតែទាមទារឲ្យមានការដាក់ទោសចំពោះការបន្លំការបង់ពន្ធក្នុងទឹកប្រាក់២លានអឺរ៉ូ (ស្មើនឹង២,៥លានដុល្លារអាមេរិក) នៅចន្លោះឆ្នាំ២០១០ និង២០១២។ វាត្រូវបានគេអះអាងថា Alonso បានប្រើប្រាស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងកោះ Madeira ប្រទេសព័រទុយហ្គាល់ ដើម្បីគេចផុតពីការប្រកាសពីប្រាក់ចំណូលដែលទទួលបានពីការលក់សិទ្ធិលើរូបភាពរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ។

ជាមួយនឹងការប្រឈមមុខនឹងការជាប់គុករយៈពេល៥ឆ្នាំ ការពិន័យជាទឹកប្រាក់ចំនួន៤លានអឺរ៉ូ ក៏នឹងត្រូវធ្វើឡើងប្រឆាំងនឹង Alonso លោក Ivan Zaldua ទីប្រឹក្សាផ្នែកពន្ធដារបស់គេ និងម្ចាស់ក្រុមហ៊ុនព័រទុយហ្គាល់លោក Ignasi Maestre ផងដែរ។ ក្រុមរដ្ឋអជ្ញាក៏ទាមទារឲ្យប្រគល់ទឹកប្រាក់ដែលមិនបានបង់ឲ្យការិយាល័យពន្ធដារបស់អេស្ប៉ាញ បូករួមទាំងអត្រាការប្រាក់ផងដែរ។ តុលាការទីក្រុងម៉ាឌ្រីដ ដែលទទួលបន្ទុកលើការស៊ើបអង្កេតក្នុងករណីនេះ បានបើកសវនាការលើករណីនេះជាថ្មីកាលពីចុងឆ្នាំ២០១៧ ក្រោយពីចៅក្រមបានរកឃើញភ័ស្តុតាងនានាប្រឆាំងនឹង Alonso៕

ប្រភព៖ Sport24