ខ្សែបម្រើ N’Golo Kante របស់ Chelsea បាននិយាយថា រូបគេមានអារម្មណ៍ថា ហាក់ដូចជានៅផ្ទះខ្លួនឯងក្នុងពេលស្ថិតនៅជាមួយនឹងក្លិបនេះ បើទោះបីមានការទាក់ទងរូបគេឲ្យទៅកាន់ប្រទេសបារាំងវិញក៏ដោយ។

Kante បានក្លាយជាសមាជិកដ៏សំខាន់ក្នុងការជួយឲ្យក្រុម Leicester City ឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នៅមុនពេលរូបគេបានផ្ទេរទៅកាន់ទីក្រុងឡុងដ៍ និងបានជួយឲ្យ Chelsea ឈ្នះពានក្របខ័ណ្ឌកំពូលនេះ បន្ទាប់ពីឆ្នាំនោះ។ Kante ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Paris St Germain នោះ ត្រូវបានដកស្រង់សំដីក្នុងពេលនិយាយដោយកាសែត Evening Standard ថា៖ «ខ្ញុំកំពុងតែស្ថិតនៅផ្ទះខ្លួនឯង។ វាជាក្លិបរបស់ខ្ញុំ ហើយខ្ញុំជាកីឡាករម្នាក់របស់ Chelsea»។

ខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះបានបន្ថែមទៀតថា៖ «នេះគឺជាឆ្នាំទី២របស់ខ្ញុំជាមួយនឹង Chelsea។ ក្រោយពីអ្វីដែលបានកើតឡើង កាលពីរដូវកាលមុន វាបានក្លាយជារដូវកាលដ៏ល្អមួយសម្រាប់យើង ពីព្រោះយើងបានធ្វើការអបអរការឈ្នះពាន។ ក្នុងរដូវកាលទី២នេះ ខ្ញុំបានលេងការប្រកួតក្នុងក្របខ័ណ្ឌ Champions League។ យើងនឹងប្រជែងដល់ទីបំផុតដើម្បីដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤ និងឈ្នះកៅអី Champions League»។

ក្រុម Chelsea ដែលនឹងត្រូវជួបក្រុម Southampton ក្នុងពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅខែក្រោយនោះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥នៅលើតារាងលីក ដោយដេញតាមពីក្រោយក្រុម Tottenham Hotspur ៥ពិន្ទុ ខណៈដែលនៅសល់ការប្រកួត៨លើកទៀត៕

ប្រភព៖ Channel News Asia