Emre Can ខ្សែបម្រើក្រុម Liverpool បានបង្ហើបប្រាប់ថា ខ្លួនចង់ចាកចេញពីក្លឹបហង្សក្រហម ទៅក្លឹបធំបំផុតមួយ ដែលអាចនឹងមានលទ្ធភាពលើកពាន នៅរដូវកាលក្រោយ ខណៈដែលកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Anfield នឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។

កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ នៅតែមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយ Liverpool និងមានពាក្យចចាមអារ៉ាមជាច្រើនថា ក្លឹបយក្សអ៊ីតាលី Juventus កំពុងចង់បាន។ Can ជឿជាក់ថា ខ្លួនមានសមត្ថភាពល្អគ្រប់គ្រាន់ ដើម្បីលេងឲ្យក្រុមកំពូលណាមួយ ដែលអាចឈ្នះពានរង្វាន់បាន។

កីឡាករវ័យ២៤ឆ្នាំ បានប្រាប់ដល់ Süddeutsche Zeitung ថា៖ “ខ្ញុំមានទំនុកចិត្តលើខ្លួនឯង ក្នុងការនិយាយថា សមត្ថភាពរបស់ខ្ញុំគឺល្អគ្រប់គ្រាន់ ដើម្បីទៅលេងឲ្យក្លឹបធំបំផុតមួយ នៅរដូវកាលក្រោយ។ ខ្ញុំចង់ក្លាយជាសមាជិកដ៏សំខាន់ របស់ក្រុមដែលអាចលើកពាន។ នេះជារឿងដែលគ្រប់កីឡាករបាល់ទាត់ទាំងអស់ តែងមានក្តីស្រម៉ៃ ព្រោះនោះជារង្វាន់សម្រាប់ការខិតខំរបស់អ្នក”។

Emre Can បានផ្ទេរពីក្លឹបអាល្លឺម៉ង់ Bayer Leverkusen ទៅ Liverpool កាលឆ្នាំ២០១៤ ក្នុងតម្លៃ ៩,៧៥លានផោន កាលជំនាន់អ្នកចាត់ការ Brendan Rodgers។ ខ្សែបម្រើរូបនេះ បង្ហាញខ្លួនឲ្យ Liverpool សរុបបាន ១៦២ប្រកួតហើយ និងស៊ុតបាន ១៤គ្រាប់៕