កីឡាករ Zlatan Ibrahimovic បានជ្រើសយក LA Galaxy ជាទ្រនំថ្មីក្រោយសម្រេចចាកចេញពីក្លឹប Manchester United ដែលរូបគេរួមរស់រយៈពេលជិត២រដូវកាល។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំផ្ទេរពី Paris Saint Germain កាលពីឆ្នាំ២០១៦ ហើយរកបាន២៩គ្រាប់ក្នុងការបង្ហាញខ្លួន៥៣ប្រកួតឲ្យក្រុមរហស្សនាមថាបិសាចក្រហម។ យ៉ាងណាមិញរូបគេមិនសូវបានជួយក្លឹបទេនៅរដូវកាលនេះពោលគឺចំណាយពេលភាគច្រើនក្រៅតារាងដោយសាររបួសរ៉ាំរ៉ៃ។
ក្រោយចាកចេញអតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតបានសរសេរសារលើ Instagram ថា៖ “ដល់ពេលដែលត្រូវបន្តដំណើរទៅមុខទៀតហើយ។ អរគុណដល់ United, អ្នកគាំទ្រ, មិត្តរួមក្រុម, គ្រូបង្វឹក, បុគ្គលិក និងគ្រប់គ្នាដែលរួមចំណែកជាមួយដំណើរជីវិតរបស់ខ្ញុំ។
ក្រុម Man United វិញក៏បានចេញសារមួយតបទៅវិញ ដែលមានសេចក្ដីថា៖ “អ្នករាល់គ្នានៅ United សូមអរគុណដល់ Zlatan សម្រាប់ការជ្រោមជ្រែងជួយក្លឹបតាំងពីថ្ងៃមកដល់ និងចាកចេញទៅវិញ។ យើងសូមជូនពរឲ្យអ្នកទទួលជោគជ័យនៅថ្ងៃអនាគត”៕
Via: Sabay