ខ្សែរប្រយុទ្ធឆ្នើម Lionel Messi នឹងចាប់ផ្តើមរកផ្លូវរបស់គេទៅកាន់យុទ្ធនាការ World Cup 2018 នៅរាត្រីនេះ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី ក្នុងការប្រកួតមិត្តភាពមួយ ខណៈដែលតារាឆ្នើមរូបនេះសង្ឃឹមថា អាចឈ្នះពានអន្តរជាតិដ៏ធំមួយក្នុងអាជីពដ៏ត្រចះត្រចង់របស់គេ។
ជាមួយនឹងក្លិប Barcelona ខ្សែប្រយុទ្ធឆ្នើម Messi បានជួបបទពិសោធនៃការទទួលជោគជ័យដ៏ធំធេង តាមរយៈការឈ្នះពាន La Liga ៨លើក និងពានក្របខ័ណ្ឌ Champions League ៤លើក ស្របពេលដែលរូបគេក៏បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ពិភពលោក FIFA’s Ballon d’Or ៥លើកផងដែរ។ ប៉ុន្តែ ការស្ថិតនៅជាមួយនឹងក្រុមអាហ្សង់ទីន បានផ្តល់នូវពេលវេលាដ៏គួរឲ្យឈឺខាប់បំផុតនៃអាជីពរបស់គេ។
ស្របពេលដែលកម្រទទួលបានជោគជ័យជាមួយនឹងក្រុមអាហ្សង់ទីន ដូចទៅនឹងការលេងឲ្យក្លិប Barcelona កីឡាករ Messi បានស៊ូទ្រាំទៅនឹងការរិះគន់ផ្សេងៗពីសំណាក់អ្នកគាំទ្ររបស់ខ្លួនអស់រយៈពេលជាច្រើនលើក មិនមាននរណាមិនចាត់ទុកថា Messi ជាកីឡាករម្នាក់ដ៏ឆ្នើមបំផុតរបស់ពិភពលោកឡើយ ប៉ុន្តែ អ្នកគាំទ្រជាច្រើនក្នុងប្រទេសអាហ្សង់ទីន ជឿជាក់ថា រូបគេមិនអាចត្រូវបានចាត់ទុកថា មានកម្រិតដូចទៅនឹងលោក Diego Maradona ឡើយ លុះត្រាតែរូបគេឈ្នះពានរង្វាន់ធំមួយជាមួយនឹងប្រទេសរបស់គេ ខណៈដែលលោក Maradona បានឈ្នះពាន World Cup ឆ្នាំ១៩៨៦។ អ្វីដែលកាន់តែឈឺចាប់ទៅទៀតនោះគឺថា Messi បានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការធំៗ៣លើក ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលពាន World Cup ឆ្នាំ២០១៤ និងពាន Copa America ឆ្នាំ២០១៥ និងឆ្នាំ២០១៦ សុទ្ធសឹងបានររបូតចេញពីដៃរបស់គេ។
Messi បានប្រាប់កម្មវិធីទូរទស្សន៍អាហ្សង់ទីន La Cornisa កាលពីពេលថ្មីៗថា៖ «ខ្ញុំបានយំជាច្រើនលើក ដោយសារតែការប្រកួតបែបនេះ សម្រាប់ការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់អ្វីដែលពានទាំងនោះមានន័យចំពោះខ្ញុំ និងសម្រាប់ការមិនអាចសម្រេចក្តីសុបិនជាមួយនឹងក្រុមជម្រើសជាតិ។ វាជាការខកចិត្តដ៏ធំមួយដែលលំបាកក្នុងការទទួលយក»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ Channel News Asia
តារាឆ្នើម Messi ចាប់ផ្តើមហ្វឹកហាត់ ខណៈអាហ្សង់ទីន សម្លឹងរកការឈ្នះពាន World Cup
អត្ថបទទាក់ទង