Frank Lampard អតីតកីឡាករធ្លាប់ឈ្នះពាន FA Cup ៤សម័យ បានធ្វើការព្រមានជាសាធារណៈដល់ខ្សែបម្រើឆ្នើមក្រុម Tottenham កីឡាករអង់គ្លេស Dele Alli ថាមិនគួរណារាំសប្បាយភ្លេចខ្លួនក្នុងការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនពេក ដោយខ្វះការប្រុងប្រយ័ត្នធ្វើអោយក្រុម Man.United វាយបកយកឈ្នះក្នុងលទ្ធផល ២:១ នៅកីឡាដ្ឋាន Wembley ក្នុងជំនួបដណ្តើមពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

Alli ធ្វើបានយ៉ាងល្អដោយស៊ុតបញ្ចូលទីនាំមុខមុននៅនាទីទី១១ តង់ទី១ ក្រោយការបញ្ជូនបាល់របស់មិត្តរួមក្រុម Erikssen ប៉ុន្តែរូបគេបានបញ្ចេញកាយវិការអបអរសាទរការស៊ុតបញ្ចូលទីដោយក្បាច់រាំទល់មុខប្រិយមិត្តគាំទ្ររបស់ខ្លួន។ ប៉ុន្តែក្រុម Man.United បានធ្វើការវាយបករកបានគ្រាប់បាល់ជ័យជំនះវិញដោយកីឡាករ Alexis Sanchez និង Ander Herrera ដើម្បីជួយអោយក្រុមរបស់លោក Jose Mourinho កក់កៅអីមួយទៅវគ្គផ្តាច់ព្រ័ត្រត្រូវជួបជាមួយក្រុម Chelsea បន្ទាប់ពីផ្តួល Southampton ២:0 ។

វីរបុរសក្រុមតោខៀវ Chelsea បច្ចុប្បន្នមានតួនាទីជាពិធីករ និងអ្នកវិភាគកីឡារបស់ BT Sport បាននិយាយថាៈ Alli បានរៀនពីបទពិសោធន៏ដ៏ជូរចត់នេះ ដែលរូបគេមិនគួរណាធ្វើការអបអរលឿនពេកនោះទេ ហើយមិនមែនមានន័យថាខ្ញុំច្រណែន ព្រោះតែខ្ញុំមិនចង់អោយមានការសប្បាយភ្លេចខ្លួន។ ខ្ញុំគ្រាន់តែគិតថាការប្រកួតមានច្រើន រហូតដល់ទៅជិត ៨០នាទីទៀតឯណោះ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន អ្នកអាចសប្បាយអបអររីករាយ ប្រសិនជារកគ្រាប់បាល់នាំមុខបាន ៣គ្រាប់ នៅនាទីទី៩០ បើមិនដូច្នេះទេការប្រកួតគឺអាចមានការផ្លាស់ប្តូរបានគ្រប់ពេល។ វាជារឿងលំអិតដ៏តូចមួយ ប៉ុន្តែខ្ញុំគិតថាយើងនឹងរៀនសូត្របានច្រើនពីព្រឹត្តការណ៏នេះ។

សម្រាប់ Alli វិញក្រោយចប់ការប្រកួតបានផ្តល់បទសម្ភាសថាៈ យើងពិតជាខកបំណងខ្លាំងណាស់ ដែលបានបរាជ័យក្នុងការប្រកួត។ អ្នករាល់គ្នាពិតជាចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងមិនអាចរក្សាលទ្ធផលបាន។