អធិរាជស Real Madrid នឹងត្រូវជួបប្រកួតជាមួយនឹងក្រុម Bayern Munich ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champion League ខណៈដែលខ្សែបម្រើស្លាបស្តាំកីឡាករ Dani Carvajal បានធ្វើការព្យាការណ៏ទុកថាៈ វាជាការប្រកួតដ៏ស្វិតស្វាញមួយទល់នឹងកីឡាករ Robert Lewandowski និងមិត្តរួមក្រុមផ្សេងទៀត។ ខ្សែការពារក្រុមជម្រើសជាតិអេស្បាញវ័យ ២៦ឆ្នាំសុបិន្តចង់ឈ្នះពានលំដាប់កំពូលទ្វីបអឺរ៉ុប៣ឆ្នាំជាប់ៗគ្នាក្នុងអាជីព បានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមានកំលុងពេលលេងប្រឈមជាមួយក្រុមជើងខ្លាំង Bayern Munich ដែលទើបការពារតំណែងក្របខណ្ឌកំពូល Bundesliga។

Carvajal បានសារភាពនៅក្នុងបទសម្ភាសន៍ឯកជនមួយជាមួយ Codere ថាៈ ខ្សែប្រយុទ្ធស្លាប Arjen Robben, Lewandowski និង Frank Ribery គឺពិបាកក្នុងការបញ្ឈប់ និងរារាំងបំផុត ។ ពួកគេជាកីឡាករដែលផ្តល់ការលំបាកខ្លាំង និងអាចបង្កើតឪកាសស៊ុតបញ្ចូលទីបានគ្រប់ពេល។

អតីតកីឡាករក្រុម Bayern Leverkusen រូបនេះបានបន្ថែមទៀតថា: គ្មានអ្វីដែលមិនអាចទៅរួចនោះទេយើងត្រៀមលក្ខណៈរួចរាល់ដើម្បីប្រយុទ្ធលើទីលាន។ យើងអាចការពារតំណែងជើងឯកបានហេតុអ្វីដែលយើងមិនអាចឈ្នះពានជាលើកទី៣ បាននោះ។ ខ្ញុំសង្ឃឹមថាក្រុមនិងទទួលបានលទ្ធផលល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ការប្រកួតជើងទី១ និងប្រព្រឹត្តទៅនៅកីឡាដ្ឋាន Allianz Arena របស់ក្រុមម្ចាស់ផ្ទះ Bayern munich នាថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។