សហព័ន្ធបាល់ទាត់បារាំងបានធ្វើការសុំអភ័យទោសដល់ខ្សែបម្រើអេស្បាញ Andres Iniesta របស់ក្រុមអ្នកមានបុណ្យ Barcelona ដែលបានបញ្ចប់រដូវកាលរបស់ខ្លួននៅក្លិបដោយមិនបានឈ្នះពានប្រកបដោយ កិត្តិយស គឺបាល់មាស Ballon d’Or នោះឡើយ។

ទស្សនាវដ្ដីកីឡាបាល់ទាត់បារាំង(France football magazine)គឺជា ស្ថាប័នដែលមាន តួនាទីគ្រប់គ្រង និងស្ថិតនៅពីក្រោយពានរង្វាន់ដ៏ល្បីល្បាញដែលបានបង្កើតឡើងចាប់ តាំងពីឆ្នាំ ១៩៥៦ ហើយពានរង្វាន់ត្រូវផ្តល់ដល់តារាឆ្នើមរៀងរាល់ ១ឆ្នាំម្តងត្រូវបានជ្រើសឡើងដោយការបោះឆ្នោតជូនរៀងរាល់ឆ្នាំដោយអ្នកកាសែត ដែលមានអាជីពពាក់ព័ន្ធ និងការសរសេរពត៌មានកីឡាបាល់ទាត់នោះ។

ពានរង្វាន់បាល់មាសនេះត្រូវបានកាន់កាប់ដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តរួមក្រុមរបស់ Iniesta គឺតារាឆ្នើមLionel Messi ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ។ទោះបីជាធ្លាប់មានចំណែកយ៉ាងសំខាន់បានជួយក្រុមជម្រើសជាតិអេស្បាញលើកពាន World Cup កាលពីឆ្នាំ២០១០ Iniesta បានត្រឹមជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Messi។

អ្នកនិពន្ធទស្សនាវដ្តីលោក Pascal Ferre បានសារភាពថា : វាគឺជាការត្រួតពិនិត្យដ៏ធំមួយ ដែលទេពកោសល្យរបស់គាត់ មិនដែលត្រូវបានទទួលស្គាល់។ នៅក្នុងអត្ថបទចុះផ្សាយមួយដែលមានចំណងជើង “Perdon, Andres”ប្រែសម្រួលថា សុំអភ័យទោស Andres លោក Ferre បានសរសេរថា “គាត់គឺជាអ្នកសំរបសំរួល និងជាកីឡាករបង្ហាញទម្រង់លេងបានល្អបំផុតគ្រប់ពេល។ រយៈពេល ១៥ឆ្នាំកន្លងមកនេះពិតជាមានភាគស្មុគស្មាញសម្រាប់រូបគាត់ ខណៈមនុស្សភាគច្រើននៃមនុស្សនៅសម័យរបស់គាត់មិនបានផ្តល់លទ្ធភាព និងការយល់ឃើញដូចអ្វីដែល Iniesta ធ្លាប់បានធ្វើ ប៉ុន្តែគាត់នៅតែបន្តកិច្ចការងារ និងបញ្ចេញសមត្ថភាពប្រកបដោយភាពរីករាយរស់រវើកដដែល។ ជាមួយគ្នានេះដែរ ប្រសិនជាគ្មានវត្តមានរបស់ Iniesta នោះ Messi ក៏បង្ហាញអារម្មណ៏ថា ហត់នឿយ។ ការលះបង់របស់គាត់កន្លងមកសម្រាប់ក្រុមពិតជាត្រូវបានទទួលស្គាល់កាន់តែច្រើនពីមជ្ឈដ្ឋានបាល់ទាត់ និងអ្នកគាំទ្រ។ អវត្តមានដ៏អស្ចារ្យនៅក្នុងបញ្ជីពានរង្វាន់មាសសម្រាប់ការឈ្នះពានរង្វាន់នេះ គឺពិតជាឈឺចាប់ណាស់សម្រាប់គាត់។

Iniesta នឹងត្រូវចាកចេញពីកីឡាដ្ឋាន Camp Nou នៅចុងបញ្ចប់នៃរដូវកាលនេះទៅកាន់លីកកំពូលប្រទេសចិន។ កាលពីថ្ងៃសៅរ៏កន្លងទៅ រូបគេនៅតែបានបង្ហាញទម្រង់លេងយ៉ាងល្អដោយជួយក្រុមអ្នកមានបុណ្យ Barcelona លើកពាន Copa Del Rey ជាមួយជ៍យជំនះ ៥:0 ជាមួយសម្រែកកងរំពងគាំទ្រដល់កីឡាករមានវ័យ៣៣ឆ្នាំនៅកីឡាដ្ឋាន Wanda Metropolitano៕