ក្រុម Barcelona បានឈ្នះពានក្របខ័ណ្ឌ La Liga ជាលើកទី ២៥របស់ពួកគេកាលពីថ្ងៃអាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-២ នៅលើទឹកដីក្រុម Deportivo La Coruna និងឈ្នះពានក្របខ័ណ្ឌលីក ស្របពេលនៅសល់ការប្រកួត ៤លើកទៀត។

ក្រុមរបស់លោក Ernesto Valverde បានបំពេញការឈ្នះពានលីក និង Copa del Rey ក្នុងរដូវកាលតែ១ ក្រោយពីបានផ្តួលក្រុម Sevilla យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីសប្តាហ៍មុន ខណៈដែលពួកគេបានដណ្តើមបានអេស្ប៉ាញពីក្រុម Real Madrid និងធ្វើឲ្យក្រុម Deportivo ធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២។ ការខកចិត្តតែមួយក្នុងរដូវកាលរបស់ក្រុមមានមូលដ្ឋាននៅ Catalonia មួយនេះ គឺការបរាជ័យក្នុងក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ នៅលើទឹកដីក្រុម Roma ដែលនៅពេលនោះពួកគេបានបោះបង់ការនាំមុខក្នុងលទ្ធផល ៤-១ ពីការប្រកួតជើងទី១។

ខ្សែបម្រើ Sergio Busquets បានប្រាប់ទូរទស្សន៍អេស្ប៉ាញ Movistar ថា៖ «យើងបានបង្កើតឲ្យមានយុទ្ធនាការនៃការប្រកួតលីកស្ទើរតែល្អឥតខ្ចោះមួយ ដោយមិនបានរងបរាជ័យសោះមកទល់ពេលនេះ។ ខ្ញុំសង្ឃឹមថា យើងអាចបន្តធ្វើបានល្អបែបនេះ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «រដូវកាលនេះពិតជាល្អ ស្ទើរតែល្អឥតខ្ចោះ។ លទ្ធផលពីការប្រកួតក្របខ័ណ្ឌ Champions League គឺជារឿងដ៏គួរឲ្យសោកស្តាយមួយ ប៉ុន្តែ យើងបានឈ្នះពាន២រដូវកាលតែ១ វាពិតជារឿងដ៏អស្ចារ្យណាស់»៕