ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ (U21) នឹងត្រូវធ្វើការប្រកួតដ៏សំខាន់របស់ខ្លួន ជាមួយក្រុម U21សិង្ហបុរី នៅកីឡដ្ឋាន Trac & Field Sport Complex នាយប់ម៉ោង៧:១៥ ថ្ងៃចន្ទនេះ ដើម្បីបញ្ចប់ភាពមន្ទិលថា ក្រុមកម្ពុជា ឬក្រុម U21ឡាវ ដែលត្រូវឡើងទៅប្រកួតនៅវគ្គបន្តជាមួយក្រុមសិង្ហបុរី ក្នុងពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018។
តាមរយៈការប្រកួតជម្រុះប្រចាំពូលB ដែលមានតែ ៣ក្រុមនោះ គឺក្រុមU21 សិង្ហបុរី បានយកឈ្នះឡាវ ៥-១ ប៉ុន្តែឡាវ បានយកឈ្នះក្រុមកម្ពុជា ២-១ ដើម្បីបញ្ចប់ការប្រកួតជម្រុះក្នុងពូលរបស់ពួកគេ ជាមួយការឈ្នះ១ និងចាញ់១ ដោយមាន៣ពិន្ទុស្មើជាមួយក្រុមសិង្ហបុរី។
យ៉ាងណាក៏ដោយ ក្រុមកម្ពុជា នៅតែមានឱកាស បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើសិនជាពួកគេ អាចយកឈ្នះក្រុមសិង្ហបុរី ក្នុងការប្រកួតលើកទី២ចុងក្រោយ នៅយប់ថ្ងៃចន្ទនេះ។ ការឈ្នះត្រឹម១គ្រាប់ ក៏អាចជួយឲ្យកម្ពុជា បានឡើងទៅវគ្គបន្តបានដែរ ប៉ុន្តែវាប្រហែលជាមានការលំបាកខ្លាំងចំពោះកម្ពុជា បើសិនជាក្រុមសិង្ហបុរី ខំប្រឹងលែងអស់ពីចិត្ត ដូចពេលពួកគេ លត់ក្រុមឡាវ ៥-១ នោះ ព្រោះទម្រង់លេងរបស់សិង្ហបុរី ល្អជាងក្រុមកម្ពុជា។
ដោយឡែក ក្រុមម្ចាស់ផ្ទះប្រ៊ុយណេ នឹងត្រូវធ្វើការប្រកួតជម្រុះចុងក្រោយប្រចាំពូលA ជាមួយក្រុមU21មីយ៉ាន់ម៉ា នៅយប់ថ្ងៃចន្ទនេះដែរ ហើយនេះក៏ជាការប្រកួតកាត់សេចក្តី ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ប្រចាំពូលនេះ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ព្រោះពេលនេះ ប្រ៊ុយណេ កំពុងឈរនៅលេខរៀងទី៣ មាន ៣ ពិន្ទុ ឯមីយ៉ាន់ម៉ា ឈរនៅកំពូលតារាង មាន ៤ ពិន្ទុស្មើជាមួយក្រុមទីម័រខាងកើត។ ប៉ុន្តែក្រុមថៃ មានធ្លាក់ចេញពីការប្រកួតនេះហើយ៕