លោក Jurgen Klopp បានធ្វើការព្រមានថា Liverpool នឹងមិនអនុញ្ញាតឲ្យបញ្ហាឈឺក្បាលនៅក្រៅទីលាន រំខានដល់ការផ្តោតអារម្មណ៍របស់ពួកគេក្នុងការសម្រេចក្តីសុបិននៃការឈានទៅគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Roma នៅរាត្រីនេះ។
ក្រុមរបស់លោក Klopp កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៧ ខណៈដែលពួកគេសម្លឹងរកការការពារការមានប្រៀបដោយគ្រាប់បាល់៣គ្រាប់ នៅរដ្ឋធានីនៃប្រទេសអ៊ីតាលី។ ប៉ុន្តែ ភាពតានតឹងផ្សេងៗ កំពុងតែកើនឡើងខ្ពស់ ខណៈដែលលោក Sean Cox អ្នកគាំទ្ររបស់ក្រុម Liverpool បានសន្លប់បាត់ស្មារតី ក្រោយពីត្រូវបានវាយប្រហារដោយអ្នកគាំទ្រនៃក្រុម Roma នៅមុនពេលការប្រកួតជើងទី១ នាកីឡដ្ឋាន Anfield កាលពីសប្តាហ៍មុន ស្របពេលដែលគ្រូបង្វឹកដៃស្តាំរបស់លោក Klopp គឺលោក Zeljko Buvac ដែលត្រូវបានផ្តល់ឈ្មោះថា «ជាខួរក្បាល» ដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានសុំច្បាប់សម្រាកនៅសប្តាហ៍នេះ។
លោក Klopp ដែលក្រុមរបស់លោកកំពុងតែនាំមុខក្នុងលទ្ធផល ៥-២ មុននឹងឈានទៅប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Stadio Olimpico នៅរាត្រីនេះ លោក Klopp បានឲ្យដឹងថា៖ «យើងស្ថិតនៅទីនេះដើម្បីប្រយុទ្ធសម្រាប់ក្តីសុបិនរបស់យើង និងចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំគិតថា យើងទាំងអស់គ្នា មានមតិដូចគ្នាថា ការប្រយុទ្ធ នៅជុំវិញកីឡាបាល់ទាត់ គឺស្ថិតនៅលើទីលានប្រកួត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
លោក Klopp ជំរុញឲ្យ Liverpool ផ្តោតលើការសម្រេចក្តីសុបិនពេលប៉ះ Roma រាត្រីនេះ
អត្ថបទទាក់ទង