ក្រុងរ៉ូម: ក្រោម​ជំនួយ​ដ៏​ធំ​ពី​ការបង្ហាញ​ពី​ទម្រង់​លេង​ប្រកប​ដោយ​ផ្លែផ្កា​របស់ Mohamed Salah និង​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​បច្ចេកទេស​របស់​លោក Jurgen Klopp ក្រុម Liverpool ត្រៀម​រួច​រាល់​ក្នុង​ការ​ចាប់ផ្តើម​យុគ​សម័យ​កមាស របស់​ខ្លួន ក្រោយ​ពី​បំពេញ​ការ​វិល​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ។

សម្រាប់​រយៈពេល​ជា​លើក​ទី ១ ក្នុង​រយៈពេល ១១ ឆ្នាំ ក្រុម Liverpool បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​មួយ​នេះ ខណៈ​ដែល​ការ​រង​បរាជ័យ​ក្នុង​លទ្ធផល ៤-២ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Roma ក្នុង​ការ​ប្រកួត​ជើង​ទី ២ នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ទាំង ២ ជើង​ក្នុង​លទ្ធផល ៧-៦។

Rome បាន​ក្លាយជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​វិល​ត្រឡប់​របស់ Liverpool ទៅ​កាន់​ភាព​ខ្លាំង​វិញ ក្រោយ​ពី​ទីក្រុង​នេះ​បាន​ក្លាយជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ក្រុម​ហង្ស​ក្រហម​នៅ​ឆ្នាំ ១៩៧៧ និង​ឆ្នាំ ១៩៨៤។

ប្រសិនបើ​ក្រុម Liverpool ផ្តួល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន នា​ថ្ងៃ​ទី ២៦ ខែ​ឧសភា ពួកគេ​នឹង​អបអរ​ការ​ឈ្នះ​ពាន​ជា​លើក​ទី ១ របស់​ពួកគេ ក្រោម​ការ​ដឹកនាំ​រយៈពេល ៣ ឆ្នាំ​របស់​លោក Klopp។

សម្រាប់​លោក Klopp ការលើក​ពាន Champions League ក្នុង​ដៃ​របស់​លោក នឹង​ក្លាយជា​ភ័ស្តុតាង​ដ៏​ច្បាស់​ថា បដិវត្ដន៍​របស់​លោក​ក្នុង​ក្រុម​ហង្ស​ក្រហម មាន​ទាំង​ញើស​ឈាម និង​ទឹកភ្នែក។

វា​នឹង​ក្លាយជា​សមិទ្ធផល​មួយ​សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៥០ ឆ្នាំ​រូបនេះ ក្នុងការ​រីករាយ​ពេល​វេលា​ប្រកប​ដោយ​ភាព​ជោគជ័យ​មួយ​ក្នុង​វ័យ​ដូច​នឹង​អតីត​គ្រូបង្វឹក​របស់ Liverpool។

លោក Bill Shankly ក៏បាន​ស្ថិត​ក្នុង​វ័យ ៥០ ឆ្នាំ​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ចាត់ការ​ទូទៅ​ដ៏​ពិត​ប្រាកដ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Liverpool រូប​នេះ បាន​បង្កើត​ឲ្យ​មាន​ជោគជ័យ​ក្នុង​ក្លិប​របស់​ខ្លួន៕
By: postkhmer