លោក Milorad Mazic សញ្ជាតិស៊ែប៊ី នឹងទទួលតួនាទីជាអាជ្ញាកណ្តាលក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ រវាងក្រុម Real Madrid និង Liverpool នាថ្ងៃទី២៦ ខែឧសភា នៅកីឡដ្ឋាន Olympic ក្នុងទីក្រុងគៀវ។

នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA កាលពីថ្ងៃចន្ទ។ លោក Mazic វ័យ៤៥ឆ្នាំ ដែលជាអាជ្ញាកណ្តាលអន្តរជាតិម្នាក់ ចាប់តាំងពីឆ្នាំ២០០៩ បានកាត់សេចក្តីក្នុងការប្រកួតក្របខ័ណ្ឌ Champions League ៤លើក និង Europa League ២ប្រកួតនៅរដូវកាលនេះ។ លោកក៏បានធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតក្នុងយុទ្ធនាការ Confederations Cup វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន រវាងក្រុមជម្រើសជាតិស៊ីលី និងអាល្លឺម៉ង់ ផងដែរ ក៏ដូចជាពាន UEFA Super Cup ឆ្នាំ២០១៦ រវាងក្រុម Real Madrid និង Sevilla។

លោក Mazic នឹងត្រូវជួយដោយអាជ្ញាជំនួយលោក Milovan Ristic និង Dalibor Djurdjevic ដែលមានសញ្ជាតិស៊ែប៊ី ដូចគ្នា ខណៈដែលលោក Clement Turpin សញ្ជាតិបារាំង នឹងត្រូវទទួលតួនាទីជាអាជ្ញាកណ្តាលទី៤។

ស្របពេលជាមួយគ្នានេះ លោក Bjorn Kuipers នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ រវាងក្រុម Olympique de Marseille និង Atletico Madrid ដែលនឹងត្រូវលេងនាថ្ងៃទី១៦ ខែឧសភា ក្នុងទីក្រុង Lyon។ វានឹងក្លាយជាការធ្វើជាអាជ្ញាកណ្តាលក្នុង Europa League វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២របស់លោក Kuipers ក្រោយពីបានធ្វើជាអាជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៣ រវាងក្រុម Chelsea និង Benfica៕