ខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ Premier League ក្រោយជួយអោយក្រុមកក់កៅអីមួយនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League បន្ទាប់ពីថ្ងៃប្រកួតបញ្ចប់រដូវកាលជាមួយលទ្ធផល Liverpool យកឈ្នះលើក្រុម Brighton ៤:0 នៅថ្ងៃបញ្ចប់រដូវកាល Premier League ខណៈដែលគ្រូបង្វឹកលោក Jurgen Klopp មានជំនឿជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ នៅតែអាចអភិវឌ្ឍទម្រង់លេងរីកចំរើនទៅមុខបានខ្លាំងបន្ថែមទៀត។

វាជាការបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Liverpool នៅលើទីលានថ្ងៃអាទិត្យ Anfield សម្រាប់ក្រុមគ្រូបង្វឹកលោក Klopp ដែលនៅសល់ពេលមិនយូរថ្ងៃទៀតទេមុននឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Real Madrid នឹងមកដល់នៅថ្ងៃទី 26 ខែឧសភានៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។

Klopp បាននិយាយថា “ការសម្រាកពីរសប្តាហ៍គឺល្អឥតខ្ចោះសម្រាប់យើង។ យើងនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមកីឡាករទាំងអស់ពិតជាស័ក្តិសមនឹងការប្រកួតនេះហើយពួកគេបន្តឈានទៅវគ្គបន្តទៀត“។

Salah អតីតខ្សែប្រយុទ្ធក្រុម Roma បានបំបែកកំនត់ត្រាជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌ Premier League ក្នុងរដូវកាល(២០១៧-២០១៨) ជាមួយការបង្ហាញខ្លួនបាន ៥១ប្រកួតស៊ុតបញ្ចូលទីបាន ៤៤គ្រាប់គ្រប់ក្របខណ្ឌប្រកួត និងជាកីឡាករដែលនឹងត្រូវទទួលបានពានស្បែកជើងមាសនៅរដូវកាលនេះ បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្របខណ្ឌ Premier League ចំនួន ៣២គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុម(Assist)បាន ១០គ្រាប់ផងដែរ។

គ្រាប់បាល់ទីសរុប ៣២គ្រាប់ របស់ Salah នៅក្នុងរដូវកាលនេះបានបំបែកឯតទគ្គកម្មចាស់ ៣១គ្រាប់របស់អតីតខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Alan Shearer ធ្វើបាននៅរដូវកាល(១៩៩៥-១៩៩៦)ជាមួយក្រុម Newcastle United កីឡាករ Cristiano Ronaldo (២០០៧-២០០៨) ជាមួយក្រុម Man.United និងអតីតកីឡាករហង្សក្រហម Luis Suarez ធ្វើបាននៅរដូវកាល(២០១៣-២០១៤)។ ខណៈខ្សែប្រយុទ្ធ Harry Kane ម្ចាស់ពានស្បែកជើងមាសរដូវកាលចាស់ទទួលបានតែ ៣០គ្រាប់សម្រាប់រដូវកាលនេះសម្រាប់ក្នុងជ័យជម្នះ ៥-៤ របស់ Tottenham ទៅលើក្លឹប Leicester City នៅ Wembley។

Salah វ័យ ២៥ឆ្នាំបានប្រាប់ទូរស្សន៍ Sky Sports ថាៈ ពានរង្វាន់មួយនេះគឺពិសេសណាស់។ ខ្ញុំមានមោទនភាពខ្លាំងបំផុត។ ជារដូវកាលដ៏អស្ចារ្យ គ្រប់យ៉ាងតែងតែមាននៅក្នុងផ្នត់គំនិតរបស់ខ្ញុំដើម្បីទទួលជោគជ័យជាមួយក្រុមបាល់ទាត់មួយនេះនៅលីកកំពូលអង់គ្លេស។