គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte បានរងនៅការស្តីបន្ទោស បន្ទាប់ពីខកចិត្តនឹងខកខានដឹកនាំក្រុមកក់កៅអីទៅប្រកួត នៅក្របខណ្ឌកំពូលពានរង្វាន់ទ្វីបអឺរ៉ុប Champions League រដូវកាល(២០១៨-២០១៩)បន្ទាប់ពីទទួលរងលទ្ធផលចាញ់ក្រុមសារិកាព្រៃ Newcastle នៅថ្ងៃចុងក្រោយនៃយុទ្ធនាការក្របខ័ណ្ឌ Premier League ក្នុងលទ្ធផល ៣ទល់នឹង០។

ក្រុមតោខៀវ Chelsea នៅមានឱកាសមួយក្នុងការដណ្តើមយកតំណែងលេខ៤ នៅតារាង Premier League ប្រសិនជាអាចផ្តួលក្រុម Newcastle បាន ប៉ុន្តែការទទួលជ័យជម្នះរបស់ក្រុម Liverpool លើក្រុម Brighton មានន័យថាពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ និងមានកៅអីលេងនៅក្របខណ្ឌ Europa League (ពានលំដាប់កំពូលទ្វីបអឺរ៉ុបទី២) រដូវកាលក្រោយប៉ុណ្ណោះ ។

ម្ចាស់ជើងឯកកាលពីឆ្នាំមុន Chelsea រងបរាជ័យ ៣គ្រាប់ក្រោមការរកគ្រាប់បាល់ពីសំណាក់កីឡាករម្ចាស់ផ្ទះកីឡាករ​ Gayle នៅនាទីទី២៣ និង Perez នៅនាទីទី៥៩ និង៦៣។

អ្នកចាត់ការទូទៅក្រុម Chelsea លោក Antonio Conte បានផ្តល់បទសម្ភាសន៏ដល់ BBC ក្រោយការប្រកួតថា: យើងសមនឹងទទួលបានការបាត់បង់ពីព្រោះការចាប់ផ្តើមរបស់យើងគឺមិនល្អជាមួយការខកខានគ្រប់គ្រងបាល់។ ក្រុម Newcastle មានការប្តេជ្ញាចិត្តស់ជាងយើង។